អ្នកតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មកពីស្ថាប័នជាង១០០ បានជួបជុំគ្នា ដើម្បីពិភាក្សាអំពី បញ្ហាអភិវឌ្ឍន៍កម្ពុជា និងប្រកាសផ្សព្វផ្សាយឯកសារគោលជំហររបស់អង្គការមិនមែន រដ្ឋាភិបាល នៅក្នុង សិក្ខាសាលាមួយស្តីពី “បញ្ហាអភិវឌ្ឍន៍របស់កម្ពុជា ឆ្នាំ២០១០-២០១២” កាលពីថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ២០១២ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ឯកសារគោលជំហររបស់អង្គការមិនមែនរដ្ឋាភិបាលស្តីពីបញ្ហាអភិវឌ្ឍន៍ កម្ពុជាឆ្នាំ២០១០-២០១២ លើកឡើងពីបញ្ហាអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ រាប់តាំងពី ការអប់រំ សុខភាព កំណែទម្រង់ការបោះឆ្នោត កំណែទម្រង់ប្រព័ន្ធតុលាការនិងយុត្តិធម៌ កំណែទម្រង់ដីធ្លីនិងព្រៃឈើ រហូតដល់ស្ថានភាពការងារ ពិកាភាព ផលប៉ះពាល់នៃការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី និងផលប៉ះពាល់ផ្នែកសង្គមនិងបរិស្ថាននៃឧស្សាហកម្មរុករករ៉ែនៅ កម្ពុជា។