សិក្ខាសាលាថ្នាក់តំបន់ស្តីពី៖ «ការរៀបចំគោលនយោបាយ និងការបែងចែកថវិកាគាំពារសង្គម»
- ngofmail
- Mar 24
- 1 min read

ក្រុងវ៉ាងវៀង ខេត្តវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី ២៤ ដល់ ២៦ ខែ មីនា ឆ្នាំ ២០២៥ ក្រោមការសម្របសម្រួល និងគាំទ្រពីអង្គការអុកស្វាម កម្ពុជា និងឡាវ លោក ម៉ារ សុផល ប្រធានកម្មវិធី នៃអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលជាលេខាធិការដ្ឋានក្រុមការងារថវិកា នៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងតំណាងក្រុមការងារគាំពារសង្គមសម្រាប់ទាំងអស់គ្នា បានសម្របសម្រួលដំណើរចូលរួមពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ទៅចែករំលែកអំពីឧត្តមានុវឌ្ឍលើប្រធានបទស្តីពី «អាណត្តិរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការតាក់តែងច្បាប់គាំពារសង្គម ការត្រួតពិនិត្យថវិកា និងគណនេយ្យភាព» នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី៖ «ការរៀបចំគោលនយោបាយ និងការបែងចែកថវិកាគាំពារសង្គម»។
លោក សុផល បានចែករំលែកពីការចូលរួមរបស់អង្គការសង្គមស៊ីវិល ក្នុងការតាក់តែងគោលនយោបាយ និងរៀបចំថវិកាគាំពារសង្គមនៅកម្ពុជា ជូនដល់អង្គសិក្ខាសាលា។ លោកបានសង្កត់ធ្ងន់ថា អង្គការសង្គមស៊ីវិល គឺជាតួអង្គសំខាន់ក្នុងការនាំយកសំឡេងប្រជាពលរដ្ឋមូលដ្ឋាន មកដាក់បញ្ចូលក្នុងដំណើរការដ៏សំខាន់នេះ ដើម្បីធានាបានថា គ្មាននរណាម្នាក់ត្រូវបានទុកចោលនោះទេ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋសភាឡាវ តំណាងក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ដូចជា UNRC, UNDP, UNICEF, ILO, WFP និងតំណាងអង្គការសង្គមស៊ីវិលពីកម្ពុជា ឡាវ និងវៀតណាម សរុបប្រមាណ ១០០ នាក់។
