កិច្ចប្រជុំសមាជិកប្រចាំឆ្នាំ របស់វេទិកា នៃអង្គការមិនមែន រដ្ឋាភិបាល ស្តីពីកម្ពុជាថែ្ងទី២០ ខែកក្កដា ២០១២

របាយការណ៍ស្រាវជ្រាវនៅស្រុកសំបូរសី្តពី “ការចិញ្ចឹមជីវិតដោយ​ពឹង​ផ្អែកលើទនេ្លមេគង្គ” និង​របាយ​ការណ៍ ស្រាវជ្រាវ ពង្រាងស្តីពី​ ”ដំណើរការចុះបញ្ជីដីជាប្រព័ន្ធ ​និងផល​ប្រយោជន៍​ប្លង់​​កម្មសិទ្ធិ​ដី” ត្រូវបានលើក យកមកធ្វើបទបង្ហាញនៅក្នុងកិច្ច​ប្រជុំប្រចាំឆ្នាំ​​របស់​​​វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា​ ជាមួយ​អង្គការ​សមាជិកបណ្តាញរបស់ខ្លួននៅឯមជ្ឈមណ្ឌល វប្បធម៍កូរ៉េកាលពី ថ្ងៃ សុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១២ ដល់​អ្នក​ចូល​រួមប្រមាណជាង​ ១០០នាក់ ។

លោកស្រី ជា ផល្លិកា អ្នក​សម្រ​បសម្រួលគម្រោងសិទិ្ធសហគមន៍ និងទំនប់វារីអគ្គិសនីដែលជាអ្នកពាក់ព័ន្ធ ក្នុងសកម្មភាព ស្រាវជ្រាវអំពីការចិញ្ចឹមជីវិតដោយ​ពឹង​ផ្អែកលើទនេ្លមេគង្គ  ​បានផ្តល់ឲ្យ​ដឹងថា តាម​រយៈការ សិក្សានេះថា ទំនប់សំបូរត្រូវបានគេ ប៉ាន់​ស្មានថា មាន​ទំហំ​៦២០គីឡូម៉ែត្រការ៉េ ហើយ ៧០%នៃ​ថាមពល​អគិ្គសនី​នឹងត្រូវផ្គត់​ផ្គង់​ទៅប្រទេសចិន ថៃ និងឡាវនឹង ប៉ះពាល់ដល់​ដី​កសិកម្ម​ជាង ៣ពាន់ហិចតា ដីព្រៃ ១ម៉ឺន៣ពាន់ហិចតា ហើយ​ប្រជាពលរដ្ឋប្រមាណជា២ម៉ឺននាក់នឹងត្រូវ ជន្លាសចេញពីតំបន់អភិវឌ្ឍទំនប់ ។​ លោកស្រី បានលើកឡើងពីការព្រួយបារម្ភ​របស់​សហគមន៍​​នៅពេលមាន​ការសាងសង់ ទំនប់វារីអគ្គិសនីស្រុក សំបូរថា នឹងឈានដល់ការបាត់បង់​សក្តានុពល​ក្នុង​ការអភិវឌ្ឍ ពីព្រោះវានឹង​ឈានដល់ការបាត់បង់ធនធាន ពូជត្រីនានា ព្រៃឈើ គុណភាពទឹក​ និងដី ដែល​ធនធាន​ទាំង​នោះ​ប្រជាពលរដ្ឋ​ជាអ្នកពឹងផ្អែកអាស្រ័យផល ហើយដែលវាជា ចំណែកមួយក្នុងការអភិវឌ្ឍជីវភាព និង​ការចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន។ ​ទោះជាយ៉ាងណាលោកស្រីក៏បានលើក ពីបទពិសោធន៍ពីបណ្តា​ប្រទេស​ដែលធ្លាប់មានការ​សាង​សង់ទំនប់ វារីអគិ្គសនី បានងាក​រកការ​បញ្ចប់ការសាងសង់ជាស្ថាពរ ដោយសារ​តម្លៃ​ក្នុងការស្តារ​ឡើង​វិញ​នូវបរិស្ថាន និងកត្តាជីវសាស្រ្ត​ត្រូវ​ចំណាយ​អស់ច្រើនជាង បើធៀបទៅនឹងការទទួលបាន​ចំណូល​​ថៃ្លផ្គត់​ផ្គង់​អគិ្គសនី ហើយធនធានមួយ​ចំនួនធំ​ដែល​កម្រនោះក៏មិនអាចកើតឡើងវិញ។​របាយ​​ការណ៍​ដដែលនេះបាន បញ្ចប់ដោយ ភ្ជាប់នូវ សំណូមពរដល់ភាគី​ពាក់ព័ន្ធទាំង​អស់ឲ្យផ្តល់ការ​សហការ​ ក្នុងការផ្តល់ព័ត៌មានច្បាស់​និងអោយ​បាន ដឹង​មុនពីការ​សាង​សង់ទំនប់សំបូរនេះ ដើម្បីជៀសវាង​ពី​ការ​ភ័យខ្លាចដល់សហគមន៍រងផលប៉ះពាល់ ហើយ សំណូមពរឲ្យមានការ​អប់រំ​ដល់អាជ្ញាធរ​មូលដ្ឋានទាក់ទងនឹងស្តង់ដារ​ របស់គណៈកម្មការទំនប់ពិភពលោក (World Commission of Dam) និងធើ្វយុទ្ធនាការដើម្បីអោយបាន​ទទួលនូវកម្រឹតស្តង់ដារនេះ ព្រមទាំងការ​លើក​កំពស់ការ​ចូលរួម​ពិគ្រោះយោបល់​របស់អាជ្ញាធរ ពាក់ព័ន្ធ​ទាំងថ្នាក់ជាតិ ថា្នក់មូលដ្ឋាន​​ និង​​ការចូលរួមជា​សាធារណៈជាមួយសហគមន៍​រងផលប៉ះពាល់​ក្នុង​គម្រោងសាងសង់ ទំនប់។  លោកស្រី ហ្វយ ស៊ុត ជនជាតិ ឡាវដែលតំណាងឲ្យ សហគមន៍ទន្លេបី ​​ដោយបានបង្ហាញរូបថតផង បាន​រៀបរាប់ពីបទពិសោធន៍ផ្ទាល់ ខ្លួនក្នុងនាមជាជនរងគ្រោះ  ជាក់​ស្តែងផល​ប៉ះពាល់​ ​​ដែលបណ្តាលមកពីការកសាងទំនប់វារីអគ្គិសនី ដោយ និយាយសំដៅទៅរកទំនប់យាលីដែលសាងសង់នៅតាមដងទន្លេមេគង្គលើថាលោកស្រី​ និងបងប្អូនជនជាតិ នៅក្នុង សហគមន៍បាននឹងកំពុងរងគ្រោះពីការហូរច្រោះ​ដីចំការ​ដំា​ណាំ​ឬក៏​ត្រូវទឹកទំនប់​ ហូរកាត់​ធើ្វអោយ​ដំណាំ​កសិកម្ម​ដាំដុះ​ត្រូវរលួយ ងាប់ហើយ មនុស្ស សត្វពាហនៈ ទីជំរកទូក កាណូត ត្រូវបានរង​ទឹកទំនប់​ត្របាក់យក ទឹកល្អក់មិនអាច​ប្រើ​ប្រាស់បាន​នាំអោយមាន​ជំងឺ​រាករូស រម៉ាស់ ការ​បាក់​ច្រាំង​ទន្លេ បាត់​បង់ទីជំរងត្រី។ លោកស្រី ទទូចសំណូមពរ​រាជ​រដ្ឋាភិបាល តំណាង​ក្រុម​ហ៊ុនអភិវឌ្ឍ និងដៃគូម្ចាស់ជំនួយ ឲ្យជួយ​ធើ្វការសិក្សាឲ្យ​បាន​ច្បាស់​លាស់និងល្អិតល្អន់ពីផល​ប៉ះពាល់ដល់​ សហគមន៍ពួកគាត់ ហើយអី្វ​ដែល​គាត់​ចង់បានគឺ ចង់បានជីវភាព​រស់នៅសមរម្យ​ក្នុងការទទួលបាន​ផល​ប្រយោជន៍​​ពីការរស់នៅ​ តាមតំបន់​ទន្លេជា​ជាងការសាងសង់ ទំនប់ធំៗ ។

ដោយឡែករបាយការណ៍ស្រាវជ្រាវ​ស្តីពី ”ដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ​និង​ផល​ប្រយោជន៍ បង់កម្មសិទ្ធិដី”ក៏ត្រូវបាន បង្ហាញដោយលោកស្រី Depika Sherchan ជាទីប្រឹក្សាឯករាជ្យ ដល់អ្នក ចូលរួមទាំងអស់។​ បទបង្ហាញបានបាន​ផ្តោត​សំខាន់​លើ ដំណើរការនៃការចុះបញ្ជីដីជាប្រព័ន្ធ និងបង្ហាញពីមូល​ហេតុដែល​ដី​មួយចំនួន​មិនត្រូវ​បាន​ចុះបញ្ជី។ ភ្ជាប់ជាមួយ​គ្នានេះដែរ លោក នី ចរិយា ប្រធានផ្នែក​ស៊ើប​អង្កេត​របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចប្រជុំ នេះបាន បន្ទោសថាដំណើរការ​ចុះបញ្ជីដីមានជាលក្ខណៈប្រព័ន្ធនេះ​ ជាមិនបានយល់ចិត្តទុក​ដាក់លើការ​ផ្តល់​សុវត្ថិភាព​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ ដែល​កំពុង​តែទទួលរងនូវអសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី។ លោកពន្យល់ថាល្បឿនការ​ចុះបញ្ជី​បច្ចុប្បន្ន​បើទោះជា នៅក្នុងបរិបទ​ដែលដីធ្លីដែលគ្មាន​ទំនាស់ក៏ដោយ បើធៀប​ទៅ នឹងចំនួនក្បាលដី​ដែលមាននៅ​ក្នុងប្រទេសកម្ពុជា ដំណើរការនេះ ត្រូវការពេលវេលាពី២០ទៅ​៣០​ឆ្នាំទៀតទើប​សំរេចបាន។ មួយវិញទៀត បើទោះជានៅក្នុងអនុកិ្រត្យ​ស្តីពីការចុះបញ្ជីដី​សហ​គមន៍​ជនជាតិ​ដើមភាគ​តិច​ អោយ​ទៅជា សហគមន៍ដែល​មានច្បាប់ទំលាប់ត្រឹម​ត្រូវ​ដើម្បី​គ្រប់គ្រងដី​សហគមន៍ ក៏ការពិតជាក់ស្តែងវា ហាក់ដូចជា​មិន មានការ​ចាប់​អារម្មណ៍ដល់ការចុះបញ្ជីជូនសហគមន៍ទេដោយ​សារតែគោល​នយោបាយផែន​ការ​ យុទ្ធ​សាស្រ្ត​មិន ទាន់បាន​ឆ្លើយតបទៅនឹងបញ្ហា​ជាក់ស្តែងរបស់​សហគមជន​ជាតិ​ពួក​គាត់​។